សមត្ថកិច្ចខណ្ឌដង្កោចុះទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ក្រោយទទួលបានកិច្ចសហការពីប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន

​(រាជធានីភ្នំពេញ) នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌដង្កោ បានចុះត្រួតពិនិត្យ និងទប់ស្កាត់ជាបន្ទាន់ ក្រោយទទួលបានព័ត៌មានពីអ្នកសារព័ត៌មានដែលបានបញ្ជូនចូលក្នុងគ្រុបតេឡេក្រាមសង្កាត់ដង្កោ ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍អំពីទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង។

​ទីតាំងដែលរងការសង្ស័យ និងបានចុះត្រួតពិនិត្យនោះ គឺស្ថិតនៅភូមិមល័ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ហៅបឹងតាម៉ាត)។ យ៉ាងណាមិញ នៅពេលសមត្ថកិច្ចចុះទៅដល់ទីតាំងផ្ទាល់ ម្ចាស់ទីតាំង ក៏ដូចជាអ្នកកាន់ម៉ាស៊ីនឆ្នោតឡូតូ បានដឹងខ្លួនមុន និងបានរត់គេចខ្លួនបាត់មុនពេលកម្លាំងសមត្ថកិច្ចទៅដល់។

​ទោះបីជាយ៉ាងណាក្តី សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង និងសម្ភារៈមួយចំនួននៅនឹងកន្លែងកើតហេតុ រួមមាន៖

១. ​កៅអីជ័រចំនួន ០៥

២. ​កៅអីដែក ០១

៣. ​តុដែក ០១

៤. ​កុំព្យូទ័រសម្រាប់បញ្ជាឆ្នោតឡូតូចំនួន ០១គ្រឿង។

​បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលខណ្ឌដង្កោ កំពុងបន្តកសាងសំណុំរឿងដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ និងស្វែងរកជនពាក់ព័ន្ធមកផ្តន្ទាទោស។

​កិច្ចអន្តរាគមន៍ទាន់ពេលវេលានេះ គឺជាសក្ខីភាពបញ្ជាក់ពីកិច្ចសហការល្អរវាងអាជ្ញាធរមានសមត្ថកិច្ច អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកបង្ការ ទប់ស្កាត់ និងលុបបំបាត់អំពើអបាយមុខក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ស្របតាមគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព»។
អង្គភាពសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមត្ថកិច្ចខណ្ឌដង្កោបានចុះទប់ស្កាត់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាទីតាំងខាងលើនេះនឹងត្រូវបានបិទជារៀងរហូតអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងន័យស្ថាបនាអង្គភាពអ្នកសារព័ត៌មានយើងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។