
ខេត្តបាត់ដំបង បានអញ្ជើញបើកប្រធានវិញ្ញាសាជានិមិត្តរូបសម្រាប់ព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យជាតិបាត់ដំបង ដោយបានបង្ហាញអំពីការពិនិត្យភាពបិទជិត និងត្រាលើស្រោមប្រធានវិញ្ញាសានៅចំពោះមុខបេក្ខជន។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តគូសបញ្ជាក់ថា វិញ្ញាសាត្រូវបានរក្សាទុកបានយ៉ាងហ្មត់ចត់ត្រឹមត្រូវដោយគ្មានអ្នកណាដឹងមុននោះទេ។ ឯកឧត្តម សុខ លូ បានលើកទឹកចិត្តដល់បេក្ខជនត្រូវតាំងស្មារតីឱ្យបាននឹងខិតខំប្រឡង និងជូនពរដល់បេក្ខជនទាំងអស់ប្រឡងជាប់បាននិទ្ទេសល្អៗគ្រប់ៗគ្នា។ ជាមួយគ្នានោះ អាណាព្យាបាលមកពីតាមបណ្ដាស្រុកនានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលជូនកូនៗមកប្រឡងនៅក្រុងបាត់ដំបង បានបង្ហាញអារម្មណ៍រំភើបរីករាយនិងមានមោទនភាពដែលបានឃើញកូនៗខិតខំប្រឹងប្រែងសិក្សាតាំងថ្នាក់ដំបូងរហូតមកដល់បានប្រឡងបញ្ចប់ថ្នាក់ទី១២។ អាណាព្យាបាល បង្ហាញក្ដីរំពឹងជឿជាក់ និងជូនពរកូនៗឱ្យប្រឡងជាប់បានលទ្ធផលល្អ។
សូមជម្រាបថា នៅឆ្នាំសិក្សា២០២៤-២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ដោយអនុវត្តគោលការណ៍ទាំង៤នៃការប្រឡង គឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ អនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដំណើរការប្រឡងត្រូវបានចូលរួមផ្ដល់កិច្ចសហការយ៉ាងស្អិតរមួតពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក អាជ្ញាធរដែនដី ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡងនានា។
សូមបញ្ជាក់ថា មណ្ឌលប្រឡងនៅខេត្តបាត់ដំបង ត្រូវបានរៀបចំប្រមូលផ្ដុំដែលមានមណ្ឌលប្រឡងសរុបចំនួន១៤មណ្ឌល ស្ថិតក្នុងក្រុងបាត់ដំបង ដែលមានបេក្ខជនសរុប ៩,៦៩៧នាក់ ក្នុងនោះស្រី៥,៦៤៧នាក់ ត្រូវជា៣៩១បន្ទប់៕










