
ខេត្តព្រៃវែង៖ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ទន់ សាអុីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តព្រៃវែង បានអញ្ជើញជាអធិបតីកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា នៅមណ្ឌលប្រឡងវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិតនៅភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើ ដល់គណៈមេប្រយោគ និងអនុរក្ស តាមបន្ទប់ប្រឡងនីមួយៗត្រូវយកចិត្តទុកដាក់អនុវត្តន៍ឱ្យបាននូវគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបទបញ្ជាផ្ទៃក្នុងនានាក្នុងការប្រឡង ដើម្បីធានាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ កាន់តែទទួលបានលទ្ធផលល្អ ប្រកបដោយ តម្លាភាព និងគុណភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ផងដែរថា ចំពោះបេក្ខជនដែលប្រឡងជាប់និទ្ទេស “A” នាសម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ នេះ នៅមណ្ឌលប្រឡងខេត្តព្រៃវែងទាំងអស់ នឹងទទួលបានរង្វាន់ម៉ូតូ ០១គ្រឿងពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួន សុភី ស សុខា។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមជូនពរដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥នេះទាំងអស់ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។











