

(ខេត្តត្បូងឃ្មុំ)៖ យោងតាមការណែនាំរបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចង្អុលបង្ហាញពី លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងគយចល័ត ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយសមត្ថកិច្ចចម្រុះ ដោយមានការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងចុះដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារងពីររូប បានធ្វើការចុះបង្ក្រាបទីតាំង លក់ម៉ូតូគេចពន្ធ ចំនួន៩កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរុករកឃើញម៉ូតូគ្មានពន្ធនាំចូល ចំនួន១៥១គ្រឿង និងបានចាប់ឃាត់យកមកអនុវត្ត ទៅតាមនីតិវិធីច្បាប់។
តាមរយៈមន្ត្រីគយ៖ មុននឹងឈានទៅដល់ការព័ទ្ធ ចាប់នៅទីតាំងលក់ម៉ូតូខាងលើ អង្គភាពគយបានធ្វើការស្រាវជ្រាវតាមរយ:ចាប់ឃាត់រថយន្តរបស់ ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែលបានលួចដឹកម៉ូតូគេចពន្ធចេញពីទីតាំងលក់ម៉ូតូខាងលើ យកទៅរាជធានីភ្នំពេញ ហើយកម្លាំងគយបង្ក្រាបបានកន្លងមក។
ទន្ទឹមនឹងនេះក៏មានការលួចដឹកម៉ូតូគេចពន្ធ តាមរយ:រថយន្តដឹកអ្នកដំណើរ ហើយត្រូវបានមន្ត្រីគយ ចាប់ឃាត់ និងសួរទៅអ្នកបើកបរ បានឆ្លើយសារភាពថា ខ្លួនបានដឹកចេញពីទីតាំងលក់ ម៉ូតូខាងលើ ផងដែរ។
នៅក្នុងករណីនេះ អង្គភាពសារព័ត៌មានយើង មិនទាន់ដឹងថា ម្ចាស់ ក្រុមហ៊ុន វីរ:ប៊ុនថាំ អាចរួចផុតពីសំណាញ់ ច្បាប់ឬមួយយ៉ាងណា នៅមិនទាន់ដឹងច្បាស់នៅឡើយ ហើយអង្គភាព សារព័ត៌មានយើង និងផ្សព្វផ្សាយព័ត៌មានបន្ត រាល់ចំណាត់ការរបស់មន្ត្រី អនុវត្តច្បាប់។
ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែលជាក្រុមហ៊ុនមានឈ្មោះបោះសម្លេង កំពុងក្លាយខ្លួន ជាក្រុមហ៊ុន ដឹកជញ្ជូន ម៉ូតូគេចពន្ធ ខុសច្បាប់ នេះបើយោង តាមបណ្តាញផ្សព្វផ្សាយព័ត៌មានសង្គម ក្នុងស្រុក និងយោងតាមរបាយការណ៍របស់មន្ត្រីគយ តើស្ថាប័នពាក់ព័ន្ធចាត់វិធានការយ៉ាងណា ចំពោះ ក្រុមហ៊ុន វីរ:ប៊ុនថាំ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ










