
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញថា ក្រសួងមហាផ្ទៃ នឹងចេញសេចក្តីសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះ វរៈសេនីយ៍ទោ ពៅ វុទ្ធី ឬ “ធីស្នា” មេបញ្ជាការរងវរៈសេនាតូច ៨៩១ ដែលត្រូវបានចោទពាក់ព័ន្ធជាមួយឈ្មួញក្នុងការលួចនាំផលិតផលថៃចូលប្រទេសខុសច្បាប់ តាមច្រកព្រំដែនក្រុងប៉ោយប៉ែត។ ការផ្អាកការងារនេះ គឺដើម្បីបើកផ្លូវឲ្យតុលាការបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
ខណៈពេលដូចគ្នា ករណីមួយទៀតដែលពាក់ព័ន្ធនឹងកូនប្រុសរបស់លោក ពៅ វុទ្ធី គឺ វរសេនីយ៍ត្រី ពៅ រតនា ដែលជា មេប៉ុស្តិ៍ការពារព្រំដែនគោកស្ពានម៉ាឡៃ ត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងការនាំមនុស្សឆ្លងដែនទៅធ្វើការក្នុងប្រទេសថៃ ដោយខុសច្បាប់។ ក្រុមការងាររបស់ក្រសួង កំពុងបន្តស្រាវជ្រាវ និងស៊ើបបញ្ជាក់បន្ថែម មុននឹងធ្វើចំណាត់ការបន្ត៕












