

បន្ទាយមានជ័យ: ទៅព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០២៥លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ និងដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសន្តិសុខសុវត្ថិភាព ជូនឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារនិងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ និងសួរសុខទុក្ខ កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅស្រុកថ្មពួក។
ឯកឧត្តម កែ គឹមយ៉ាន បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនៅក្នុងពេលដែលប្រទេសជាតិមានបញ្ហាព្រំដែនជាមួយប្រទេសថៃ និងទទួលរងនូវការលបឈ្លានពានពីកងទ័ពថៃ។
ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពនៅរដូវវស្សា និងត្រូវមានភាពអត់ធ្មត់ ហើយជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោះស្រាយបញ្ហាព្រំដែន ជាពិសេសទង្វើឈ្លានពានរបស់កងទ័ពថៃ មកលើអធិបតេយ្យភាពរបស់កម្ពុជា៕





















