

—————
បន្ទាយមានជ័យ៖ បែកធ្លាយរូបភាព និងវីដេអូរបស់ក្លឹបមួយកន្លែងយីហោ ប្រជុំមិត្ត ( X Stra ) ក្នុងក្រុងប៉ោយប៉ែត ជាកន្លែងប្រើប្រាស់គ្រឿងញៀន នឹង មាននារីរាំស្រាតស្លៀកប៊ីនី បំរើសេវាទទួលភ្ញៀវ ។
ប្រភពមូលដ្ឋានបានឲ្យដឹងថា កន្លែងកម្សាន្តនេះមិនត្រឹមតែបម្រើភោជនីយដ្ឋាន និងការកម្សាន្តតាមប្រពៃណីទេ ប៉ុន្តែមានការរាំស្រាតស្លៀកប៊ីនី ចែកចាយ និង ប្រើប្រាស់គ្រឿងញៀន វ៉ៃឡើង ដាក់ដំណើរបំរើសេវាកម្មក្នុងតែម្តង ។
គួររលឹកផងដែរ កន្លងមកថ្មីៗនេះ ប្រសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងចំពោះ KTV ជាច្រើនថា ” KTV ខ្លះគ្រាន់តែដាក់ស្លាកយីហោជា KTV តែប៉ុណ្ណោះ តែខាងក្នុងលួចប្រើប្រាស់គ្រឿងញៀន និងថ្នាំសប្បាយ គ្រប់ប្រភេទ ” ។
ជាក់ស្ដែង KTV ប្រជុំមិត្ត ( X Stra ) មួយនេះ មិនខុសអ្វីពី ប្រសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកឡើងនោះឡើយ គឺខាងក្រៅដាក់ស្លាកយីហោជា KTV តែខាងក្នុងគឺលួចប្រើប្រាស់ គ្រឿងញៀន ថ្នាំសប្បាយ វ៉ៃឡើង មាននារីរាំស្រាតស្លៀកប៊ីនី យ៉ាងពេញទំហឹង ទទួលភ្ញៀវចូលទាំងយប់ទាំងថ្ងៃ។
មជ្ឍដ្ឋានទូទៅរងចាំមើលថា KTV ប្រជុំមិត្ត ( X Stra ) ដែលលួចលាក់ប្រើប្រាស់គ្រឿងញៀន ថ្នាំសប្បាយ វ៉ៃឡើង នឹង មាននារីរាំស្រាតស្លៀកប៊ីនី ខាងលើនេះរួចពីដែន សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ដែរឬទេ?
កន្លងទៅរដ្ឋបាលក្រុងប៉ោយប៉ែត និងអង្គភាពមានសមត្ថកិច្ច ក៏ធ្លាប់បង្ក្រាប និងបានចេញសារចរាចរណ៍ណែនាំ ដល់ម្ចាស់ទីតាំងខារ៉ាអូខេជាច្រើនកន្លែងក្នុងក្រុងប៉ោយប៉ែត ដោយ ៖ ហាមមិនឲ្យប្រើប្រាស់គ្រឿងញៀន ហាមមិនឲ្យបង្កប់ល្បែងស៊ីសង ហាមមិនឲ្យជួញដូរផ្លូវភេទ ដើម្បីឱ្យសមស្របតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាពទាំង ៧ ចំណុចរបស់ក្រសួងមហាផ្ទៃ ។
តែ KTV ខាងលើ អនុវត្តផ្ទុយពីសារចរាចរណ៍ណែនាំ របស់រដ្ឋបាលក្រុងប៉ោយប៉ែត។ កន្ទេលធំបន្លំដេក បិទមិនជិតនោះទេ!
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕



